អត្ថបទឯកសារនេះ ដកស្រង់ចេញពី www.rfa.org/khmer
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ១)
ដោយ មឿង ទុម
2008-07-17
មានចម្ងល់ថា ហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នកណាជាអ្នកកសាងប្រាសាទព្រះវិហារនោះ?
ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖ «ខ្មែរយើងមួយចំនួន មិនយល់អំពីប្រាសាទព្រះវិហារ ចោទសួរថា ផ្លូវដែលទៅកាន់ប្រាសាទព្រះវិហារហ្នឹង ផ្លូវដែលស្រួលនោះ គឺទៅពីស្រុកសៀម ។ ហេតុអ្វី បើជាប្រាសាទខ្មែរ ម៉េចក៏គេធ្វើផ្លូវឡើងទៅពីស្រុកសៀមទៅវិញ ។ ដើម្បីឲ្យបាត់ការងឿងឆ្ងល់ចំពោះបញ្ហានេះ ខ្ញុំសូមជម្រាប សូមឲ្យជ្រាបថា ប្រាសាទព្រះវិហារនេះ មាននៅក្នុងទឹកដីខ្មែរតាំងតែពីដើមមកយូរណាស់ហើយ ដីខ្មែរគឺស្រុកសៀម មិនទាន់មានឯណា ។ ដីខ្មែរមាននៅរហូតទៅដល់ប្រទេសភូមា ។ បើខាងជើងនោះ រហូតទៅដល់ក្រុងឈៀងម៉ៃ ពីព្រោះខ្មែរកាន់អំណាចរហូតទៅដល់ទីនោះ ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។ ដូច្នេះសុំកុំឲ្យងឿងឆ្ងល់ បើមានអ្នកណាផ្សេងទៀតថា ទេ ប្រាសាទហ្នឹងមិនគួរជារបស់ខ្មែរ ហ្នឹងគឺខុសហើយ ។ ពីព្រោះដីខ្មែរនៅវាតតាំងពីដែនដីកម្ពុជាក្រោម កូសាំងស៊ីន រហូតទៅដល់ខាងជើងនោះ គឺរហូតទៅដល់វៀងច័ន្ទឯណោះ ។ ហ្នឹង បើផ្នែកខាងស្រុកលាវ ។ សៀមអត់ទាន់មានទេ ដូច្នេះគេយកដីនេះ យកមកធ្វើជាប្រាសាទ ដែលវាលទំនាប ដែលឡើងមកសព្វថ្ងៃ គឺឡើងមកពីខាងជើង ហើយគេធ្វើប្រាសាទហ្នឹង បែរមុខទៅទិសខាងជើង ។ ប្រាសាទនេះ មិនមានលក្ខណៈដូចប្រាសាទឯទៀតៗទេ ។ ដូច្នេះ សូមកុំឲ្យងឿងឆ្ងល់ទៀត ផ្លូវដែលគេធ្វើមកពីស្រុកសៀមៗ ពុំទាន់មានទេ ។ សព្វថ្ងៃយើងច្រឡំ សព្វថ្ងៃយើងភ្លេចប្រវត្តិ ដូច្នេះ គេធ្វើពីដីខ្មែរមកហ្នឹង រួចដីខ្មែរនៅខាងជើងឯណោះ វាវាលទំនាប ហើយនៅឯខាងស្រុកខ្មែរ សព្វថ្ងៃឯណេះ វាដីត្រង់ហ្នឹងគឺជាល្បាក់ គឺជាជញ្ជាំងភ្នំ ។ ម្ល៉ោះហើយ គេធ្វើហ្នឹង គឺសម្រាប់ឲ្យមានព្រាហ្មណ៍ហ្នឹង ទៅរក្សាលិង្គរបស់ព្រះឥសូរ ហើយកន្លែងនោះគឺកន្លែងគេតាំងសិល្ប៍» ។
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៥២៥ម៉ែត្រ ។
បើគិតពីផ្លូវចូលពីដីទំនាប ឡើងទៅដល់ប្រាសាទនៅលើកំពូលភ្នំនោះ គឺកាំជណ្តើរសម្រាប់ឡើងបន្តិចម្តងៗ រហូតដល់ប្រាសាទដែលនៅលើកំពូលភ្នំនោះ គឺមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដែលមានរួមទាំងកាំជណ្តើរទាំងអស់នោះផង ៖ «ប្រាសាទព្រះវិហារនេះគឺសង់ឡើងអំពីថ្ម ហ្នឹងចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយ សំណង់ហ្នឹងមិនមែនធ្វើតែមួយពេលទេ ។ ធ្វើបើគិតឲ្យមែនទែន មានបីពេល ។ ឥឡូវនេះ ខ្ញុំជូនគ្រាន់តែជម្រាបត្រួសៗអំពីផ្លូវចូលមកហ្នឹងមានអីខ្លះៗ ។ ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ ហ្នឹង ចូលមកខ្លោងទ្វារទី១ ។ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។ ខ្ញុំដើម្បីនឹងសម្រួលអស់លោក ឲ្យឃើញរូបប្រាសាទហ្នឹង ខ្ញុំរាប់តាមជណ្តើរដែលយើងឡើង ។ សង្ខេបយើងឡើងតាមផ្លូវជម្រាលធម្មតា ៥៤ម៉ែត្រ បូកនឹង ២៥ម៉ែត្រ បានមកដល់ខ្លោងទ្វារទី១ ។ បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ។ ពេលដែលព្រះមហាក្សត្រនៅស្រុកសៀមសព្វថ្ងៃ លោកឡើងសោយរាជ្យ ធ្វើពិធីរាជាភិសេក គេមកយកទឹកពីស្រះហ្នឹង ដើម្បីយកទៅបំពេញពិធីអភិសេកព្រះកូណាដែលនៅស្រុកសៀម សព្វថ្ងៃ» ។
សូមបញ្ជាក់ជូនថា លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍អំពីស្តេចសៀមនេះ គឺសំដៅចំពោះព្រះមហាក្សត្រថៃសព្វថ្ងៃ គឺព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។
បើតាមឯកសារប្រវត្តិសាស្រ្តស្តីពីព្រះរាជាថៃ ចុះផ្សាយនៅលើទំព័រវ៉ឹបសាយថ៍ Wikipedia បានឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្នមានព្រះជន្ម ៨១ព្រះវស្សា ឡើងគ្រងរាជ្យតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ រហូតមកដល់សព្វថ្ងៃនេះ ៕